សិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ក្នុងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្ថិតក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ បានបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ នៅសណ្ឋាគារឡឺប្រេស៊ីដង់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកអភិបាលរងខេត្ត ជាតំណាងឯកឧត្តមអភិបាលខេត្តបាត់ដំបង លោកនាយកគ្រប់គ្រងគម្រោង និងតំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គជអប) ព្រមទាំងក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្ត និងសមាជិកសមាជិកា ដែលជាសេវាករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមកពីស្រុកចំនួន៤រួមមានស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកបវេល និងស្រុកថ្មគោល និងមកពីឃុំចំនួន៣០។ គោលបំណងនៃការបើកអង្គសិក្ខាសាលាផ្សព្វផ្សាយនេះ គឺផ្តោតសំខាន់លើមន្ត្រីកសិកម្មស្រុក និងមន្ត្រីផ្សព្វផ្សាយព័ត៌មានចល័តឃុំ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រុមកែលម្អទីផ្សារសម្រាប់ខ្សែច្រវ៉ាក់តម្លៃកសិកម្ម និងបង្កើននូវការយល់ដឹងថ្មីជូនដល់មន្ត្រីពាក់ព័ន្ធតាមរយៈការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការបង្កើតទីផ្សារកសិកម្មសម្រាប់កសិករ។ ជាពិសេសក្រុមកែលម្អជីវភាព និងការសម្របសម្រួលរវាងអ្នកទិញ និងក្រុមកសិករផលិត ក្នុងគោលបំណងជួយដោះស្រាយទីផ្សារសម្រាប់កសិករតាមខេត្ត ស្រុក ឃុំ សង្កាត់គោលដៅនីមួយៗរបស់គម្រោង ( TSSD-AF)។ ក្នុងអង្គសិក្ខាសាលា លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង ដៃគូអភិវឌ្ឍន៍នានារួមមាន៖ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងមូលនីធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD) ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចីសម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ តាមរយៈនៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ ព្រមទាំងក្រុមការងារអនុវត្តគម្រោងទាំងអស់និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតប នឹងតម្រូវការប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍។ ជាមួយគ្នានេះ លោកអភិបាលរងខេត្តបាត់ដំបង និងលោកនាយកគ្រប់គ្រងគម្រោង បានជំរុញលើកទឹកចិត្តដល់ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំនិងសេវាករព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាសិក្ខាកាម ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការស្តាប់បទបង្ហាញរបស់ក្រុមសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីឲ្យគម្រោងអនុវត្ត ទៅតាមគោលបំណង ដែលបានគ្រោងនិងការរំពឹង។

width=